អត្ថបទ៖ ប៉ៃ សុឃីម
ព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុបានលើកឡើងថា ដើម្បីឲ្យស្របទៅនឹងតម្រូវការវិស័យទេសចរណ៍ នាពេលបច្ចុប្បន្ន និងទៅ ខាងមុខ បុគ្គលិកបម្រើនៅតាម វិស័យទេសចរណ៍មានអាហារដ្ឋាន ភោជនីយដ្ឋានផ្ទះសំណាក់សណ្ឋាគារ ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការប្រតិបត្តិ ទទួលភ្ញៀវ ក្នុងបរិបទនៃជំងឺកូវីដ១៩។
ការថ្លែងនេះរបស់លោក ម៉ាង ស៊ីណេត ក្នុងពិធីបិទវគ្គ«បដិសណ្ថាកិច្ចសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ» កាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
ក្នុងឱកានោះ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ការបិទវគ្គ បណ្ដុះបណ្ដាលជំនាញស្ដីពីបដិសណ្ឋារកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈនាពេលនេះ ក្នុងគោលបំណង-ដើម្បីពង្រឹងសមត្ថភាពបុគ្គលិកដែលកំពុងបម្រើការងារតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ និងលើកកម្ពស់គុណភាពស្តង់ដារសេវាកម្មការិយាល័យជួរមុខក្នុងខេត្តព្រះសីហនុ។
ទាំងអស់នេះហើយគឺទាមទារឲ្យមានការ ចូលរួមជាចាំបាច់ពីម្ចាស់អាជីវកម្ម បុគ្គលិក ផ្ទះសំណាក់សណ្ឋាគារ វិស័យឯកជនដែលជាអ្នកអនុវត្តផ្ទាល់ ដើម្បីស្របទៅតាមស្តង់ដារ សេវាកម្មទេសចរណ៍ ដល់ភ្ញៀវមកកម្សាន្តស្នាក់នៅប្រកបទៅដោយគុណភាព។
សូមជម្រាបថា វិស័យទេសចរណ៍នៅក្នុងខេត្តព្រះសីហនុបន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយ ភ្ញៀវទេសចរមានការកើនឡើង ហើយរាជរដ្ឋាភិបាលកម្ពុជានឹងបើកទេសចរណ៍ឡើងវិញនៅដំណាច់ចុងឆ្នាំ២០២១ ដូចនេះទាមទារឲ្យបុគ្គលិកបម្រើការនៅតាមភោជនីយដ្ឋានអាហារដ្ឋានផ្ទះសំណាក់សណ្ឋាគារ បានយល់ដឹងអំពីបដិសណ្ឋារកិច្ចសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ព្រោះបុគ្គលិក មួយចំនួនបានផ្អាកពីការងារដោយសារវិបត្តិនៃជំងឺកាចសាហាវនេះ៕